ប្រធានទី ០៥៖ ទស្សនៈមួយបានលើកឡើងថា “ការអប់រំ
គីឺអភិវឌ្ឍន៍សង្គម”
។ តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះ? ចូរបកស្រាយ ។
សេចក្ដីអធិប្បាយ
គ្រប់ប្រទេសនៅលើសកលលោក
គេរមែងយកការអប់រំធ្វើជាវិស័យដ៏ធំមួយ
សម្រាប់ការបណ្ដុះបណ្ដាលធនធនមនុស្សឱ្យមានសមត្ថភាពខ្ពស់ ទាំងបរិមាណ ទាំងគុណភាព ដើម្បី ឱ្យប្រទេសជាតិមានការអភិវឌ្ឍ
និងរីកចម្រើនឡើង ។ ក្នុងទិសដៅឱ្យតម្លៃខ្ពស់លើការអប់រំនេះ
ទើបមានទស្សនៈមួយបានលើកឡើងថា “ការអប់រំ
គឺអភិវឌ្ឍន៍សង្គម” ។
តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះ?
ដើម្បីធ្វើការបកស្រាយទស្សនៈខាងលើនេះ
ឱ្យបានស៊ីជម្រៅ យើងគួរយល់នូវន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ “ការអបរំ”
គឺជាការបណ្ដុះបណ្ដាល ការបង្វឹកមនុស្សឱ្យក្លាយទៅជាអ្វីមួយដែលគេចង់បាន
ដូចជាអប់រំមនុស្សឱ្យក្លាយទៅជាពលរដ្ឋល្អប្រសើរ
ឬអប់រំកងកម្លាំងប្រដាប់អាវុធឱ្យមានគុណភាពល្អជាដើម ។ រីឯ “អភិវឌ្ឍន៍” មានន័យថា
ធ្វើឱ្យចម្រើន ធ្វើឱ្យលូតលាស់ ធ្វើឱ្យរីកចម្រើន ។ ដូច្នេះអត្ថន័យរបស់ប្រធាននេះ
ចង់មានន័យថា ករណីណាមានការអប់រំ គឺតែងតែធ្វើឱ្យសង្គមមានការរីកចម្រើនជានិច្ច ។
តែមុននឹងធ្វើការបកស្រាយ យើងគួរពិចារណាថា
តើត្រូវអប់រំអ្វីខ្លះដល់មនុស្ស និងសង្គម? ហើយសង្គមគ្រួសារ សហគមន៍ សង្គមជាតិ
និងសង្គមអន្តរជាតិអភិវឌ្ឍន៍អ្វីខ្លះ? ករណីនេះ យើងត្រូវអប់រំបញ្ញា សីលធម៌
កាយសោភ័ណ្ឌ ពោលគឺអប់រំកាយ វាចាចិត្ត សកម្មភាពលើជំនាញអ្វីមួយ ។ ការអប់រំ
គឺជាការអប់រំទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅដល់មនុស្ស និងសង្គម ។ លើសពីនេះ
សង្គមត្រូវតែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសង្គមកិច្ច នយោបាយ និងសេដ្ឋកិច្ច
ពោលគឺរីកចម្រើនទាំងសង្គមធម៌ និងវប្បធម៌ ។ បានសេចក្ដីថា ការបណ្ដុះបណ្ដាល
ធនធានមនុស្ស ជាគន្លឹះអាចធ្វើឱ្យគ្រួសារ សហគមន៍ សង្គមជាតិ
និងសង្គមអន្តរជាតិមានការរីកចម្រើនដោយរលូន ។ យើងដឹងហើយថា ក្នុងគ្រួសារមួយ
ដែលមានសមាជិកគ្រួសារមានការអប់រំល្អ
គ្រួសារនោះតែងទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសគ្មានទំនាស់ក្នុងគ្រួសារ
មានជីវភាពខ្ពស់ មានសុខភាពល្អ និងមានសន្តិសុខគ្រួសារ ។ ទន្ទឹមនឹងនេះ
សហគមន៍មួយមានការអប់រំខ្ពស់ សហគមន៍នោះតែងមានការរីកចម្រើន ។
សហគមន៍នេសាទមួយមានការអប់រំខ្ពស់ សហគមន៍នោះអាចការពារធនធានជលផល
ដែលធ្វើឱ្យជីវភាពប្រជាជនក្នុងសហគមន៍នោះមានការរីកចម្រើន ។ ឯសហគមន៍កសិករ
សហគមន៍ព្រៃឈើ សហគមន៍អ្នកវិទ្យាសាស្ត្រក៏ដូចនោះដែរ ។ លើសពីនេះទៀត សង្គមជាតិមួយ
ដែលមានការអប់រំខ្ពស់ ពោលគឺមានធនធានមនុស្សមានសមត្ថភាពច្រើន
សង្គមជាតិនោះតែងមានការរីកចម្រើន ទាំងសង្គមកិច្ច វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ។
បញ្ហាសង្គមកិច្ចរីកចម្រើន ទាំងសន្តិសុខសង្គម សុខមាលភាព និងការងារ ។ បញ្ហានយោបាយទាំងក្នុង
និងក្រៅប្រទេសបានយ៉ាងល្អ ។ បញ្ហាវប្បធម៌ប្រទេសដែលមានការអប់រំខ្ពស់ វប្បធម៌បរទេស
ពុំអាចជះឥទ្ធិពលអាក្រក់ចូលបានឡើយ ។ ដោយឡែកលើវិស័យសេដ្ឋកិច្ចវិញ ក៏ដូចនោះដែរ ។
ប្រទេសជាតិមួយ ដែលមានធនធានមនុស្សមានចំណេះដឹង ចំណេះធ្វើ និងមានសីលធម៌រស់នៅខ្ពស់
ចេះសម្របសម្រួលក្នុងសង្គម សេដ្ឋកិច្ចនៃសង្គមជាតិនោះ
ពិតជាមានការរីកចម្រើនពុំមានអាចប្រកែកបានឡើយ ព្រោះវិទ្យាសាស្ត្រដែលភ្ជាប់នឹងសីលធម៌ប្រាកដជាមធ្យោបាយសមស្រប
ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនពុំខាន ។ ក្រៅពីសង្គមគ្រួសារ សហគមន៍ សង្គមជាតិ
ការអប់រំបានធ្វើឱ្យសង្គមអន្តរជាតិរីកចម្រើនផងដែរ ព្រោះបើប្រទេស
ទាំងអស់នៅលើសកលលោកទទួលបានការអប់រំល្អ នោះសកលលោកនឹងលែងមានទំនាស់
ឬយ៉ាងហោចណាស់ក៏អាចកាត់បន្ថយនូវទំនាស់ធំៗបានដែរ ។
សរុបសេចក្ដីមក យើងឃើញថា
ការអប់រំបានធ្វើឱ្យសង្គមគ្រួសារ សហគមន៍ សង្គមជាតិ និងសង្គមអន្តរជាតិរីកចម្រើន
តែបើយើងវិភាគលើន័យ “អប់រំ” នោះយើងដឹងថា
ការអប់រំ ឬការបណ្ដុះបណ្ដាលមនុស្សនោះ ពុំមែនសុទ្ធតែក្នុងបំណងល្អនោះទេ
ដូចករណីខ្លះបណ្ដុះបណ្ដាលកុមារឱ្យកា្លយជាចោរ
បង្វឹកមនុស្ស ឱ្យចេះធ្វើគ្រឿងប្រល័យលោក ពុំមែនគ្រាន់តែធ្វើឱ្យសង្គម
ពុំរីកចម្រើនទេ តែថែមទាំងធ្វើឱ្យសង្គមវិនាសទៀតផង ព្រោ «វិទ្យាសាស្ត្រខ្វះមនសិការ
គ្រាន់តែជាការវិនាសនៃអាត្ម័ន» តែប៉ុណ្ណោះ ។
ដូចនេះ ការអប់រំដែលធ្វើឱ្យសង្គមមានការអភិវឌ្ឍ គឺអប់រំក្នុងបំណងល្អ
អប់រំផ្សារភ្ជាប់នឹងសីលធម៌ គុណធម៌ មនសិការ ។
ឆ្លងតាមការបកស្រាយខាងលើរួចមក
យើងអាចសន្និដ្ឋានបានថា ទស្សនៈដែលលើកឡើង «ការអប់រំ គឺអភិវឌ្ឍន៍សង្គម» ជាទស្សនៈត្រឹមត្រូវ តែពុំទាន់គ្រប់ជ្រុងជ្រោយ ព្រោះត្រូវមានលក្ខខណ្ឌ
ពោលគឺត្រូវអប់រំក្នុងបំណងល្អ អប់រំភ្ជាប់ជាមួយនឹងសីលធម៌ ទើបសង្គមមានការអភិវឌ្ឍ ។
ឯការអប់រំ ក្នុងបំណងអាក្រក់ អសីលធម៌ អាចធ្វើឱ្យសង្គមអន្តរាយទៅវិញទេ ។ ដូច្នេះ
យើងទាំងអស់គ្នា ត្រូវតែខិតខំអប់រំធនធានមនុស្សឱ្យបានកាន់តែច្រើន
ហើយធនធានទាំងនោះត្រូវតែមានសមត្ថភាព ជំនាញច្បាស់លាស់ សីលធម៌ល្អ
និងមានមនសិការទើបប្រសើរ ៕