Lorem ipsum dolor sit amet, consectetur adipiscing elit. Test link

មានទស្សនៈមួយបានពោលថា “រស់ត្រូវតែចេះតស៊ូ”

ប្រធាន៖ មានទស្សនៈមួយបានពោលថា រស់ត្រូវតែចេះតស៊ូ ។ ចូរស្រាយបំភ្លឺ ដោយភ្ជាប់ជាមួយនឹងអំណះអំណាងមកបញ្ជាក់ ។


សេចក្ដីអធិប្បាយ
          មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់រស់នៅប្រកបដោយសុភមង្គល មានកិត្តិយស និងមានសេចក្ដីថ្លៃថ្នូរ ។ ដើម្បីសម្រេចនូវបំណងប្រាថ្នាទាំងនេះ យើងត្រូវតែមានការអំណត់ព្យាយាមរៀនសូត្រ និងការតស៊ូខ្ពស់ក្នុងជីវិត។ ដោយស្ថិតក្នុងបំណងស្វែងរកសុភមង្គលនេះហើយ ទើបមានទស្សនៈមួយបានលើឡើងថា រស់ត្រូវតែចេះតស៊ូ
           តើទស្សនៈខាងលើនេះបានបង្កប់នូវខ្លឹមសារយ៉ាងណាខ្លះ?
           ដើម្បីជាមធ្យោបាយដល់ការបកស្រាយប្រធានខាងលើ ឱ្យមានលក្ខណៈពិស្ដារប្រកប ដោយ ខ្លឹមសារមានអត្ថន័យថែមមួយកម្រិតទៀតនោះ ជាបឋមយើងគប្បីស្វែងយល់នូវន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យ តស៊ូ មានន័យថា ជំនះលើគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពទាំងអស់ ។ ដូចនេះអត្ថន័យរបស់ប្រធានខាងលើចង់បង្ហាញថា មនុស្សយើងម្នាក់ៗត្រូវតែរកវិធីសាស្ត្រ ឬយុទ្ធវិធីយ៉ាងណា ដើម្បីជំនះលើឧបសគ្គទាំងពួងក្នុងជីវិត ។
           ជាការពិតណាស់ ការតស៊ូមានច្រើនសន្ឋានណាស់ អាស្រ័យទៅតាមស្ថានភាពជាក់   ស្ដែង ។ យ៉ាងណាមិញ មនុស្សត្រូវតែចេះតស៊ូនឹងធម្មជាតិ បានន័យថា យើងត្រូវតែត្រៀមលក្ខណៈទុកជាស្រេច ដើម្បីបង្ការនឹងគ្រោះធម្មជាតិផ្សេងៗដូចជា រដូវក្ដៅខុសធម្មតា រដូវរងារ យើងត្រូវតែមានប្រដាប់បង្ការទុកមុន ។ ប្រសិនបើមានព្យុះ ទឹកជំនន់ នោះយើងត្រូវរកជម្រក ស្នាក់នៅជាបណ្ដោះអាសន្ន ។ ទន្ទឹមនឹងនេះ មនុស្សត្រូវតែចេះតស៊ូនឹងជីវភាពរស់នៅ ពោលគឺត្រូវតែចេះតស៊ូនឹងខ្លួនឯង ត្រូវមានការឧស្សាហ៍ព្យាយាម ធ្វើកិច្ចការងារគ្រប់បែបយ៉ាងឱ្យបានស្ទាត់ជំនាញ ត្រូវខិតខំរកស៊ីដោយខ្លួនឯងតាមសម្មាជីវោ ដោយសុចរិតទៀងត្រង់ ធ្វើកិច្ចការងារដោយមិនខ្លាចនឿយហត់ ។ យើងត្រូវយល់ថា បើយើងជាកូនអ្នកស្រែ កូនអ្នកក្រីក្រ នោះយើងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ត្រូវរៀនឱ្យក្លាយជាសិស្សពូកែគ្រប់មុខវិជ្ជា ។ លើសពីនេះទៀត មនុស្សត្រូវចេះតស៊ូនឹងមនុស្ស ឬក្រុមមនុស្សគ្នាឯង ពោលគឺយើងត្រូវជម្នះនឹងការច្រណែនឈ្នានីស ការកេងប្រវ័ញ្ចពីអ្នកដទៃ ពិសេសត្រូវចេះដោះស្រាយបញ្ហាអ្វីមួយដោយសន្តិវិធី ដោយមិនប្រើអំពើហិង្សា គោរពច្បាប់ជាតិ ពិសេសយើងត្រូវចេះតស៊ូទៅនឹងគំនាបសង្គម ត្រូវហ៊ានតស៊ូទៅនឹងការជិះជាន់របស់វណ្ណៈសក្ដិភូមិនិគម និងចក្រពត្តិ ។ យើងត្រូវចេះសាមគ្គីគ្នាពីការជិះជាន់រវាងអ្នកមានអំណាច លើអ្នកគ្មានអំណាច រវាងអ្នកមានលើអ្នកក្រខ្សត់ ព្រោះ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់ ។ បើយើងក្រឡេកទៅលើក្នុងស្នាដៃ អក្សរសិល្ប៍ខ្មែរយើងវិញ ពិសេសនៅក្នុងរឿងភូមិ  តិរិច្ឆាន ដែលជាស្នាដៃនិពន្ធរបស់លោក ឌឿក អំ និងលោក ឌឹម គាម បានបង្ហាញឱ្យឃើញ អំពីការតស៊ូអំណត់ព្យាយាមរបស់ ជួន និងនៅ ដែលជាអ្នកភូមិព្រៃខ្មែរ បូករួមនឹងកម្លាំងសាមគ្គីជាមួយក្រុមអ្នកក្លាហានទាំងម្ភៃនាក់ នៅក្នុងភូមិក្រាំងលាវ ក្នុងគោលបំណងបះបោរប្រឆាំងតវ៉ា ចំពោះទង្វើដ៏សែនព្រៃផ្សៃ អមនុស្សធម៌ ពោលគឺការជម្រិតទារប្រាក់បង់ពន្ធជ្រុលហួសហេតុ ពីសំណាក់លោក រេស៊ីដង់បារដេស ចំពោះប្រជារាស្ត្រខ្មែរនៅភូមិក្រាំងលាវ ។ ភាពកើតទុកមិនសុខចិត្តការបេ្ដជ្ញាហ៊ានបូជាជីវិត ការតស៊ូព្យាយាមរិះរកនូវរាល់កលល្បិច ដើម្បីសម្លាប់ លោក រេស៊ីដង់បារដេស រហូតទទួលបានសម្រេចនូវជោគជ័យជាស្ថាពរ ។ នេះសបញ្ជាក់ឱ្យឃើញពីការតស៊ូប្រឹងប្រែង ដើម្បីទាមទារសិទ្ធិសេរីភាពជូនប្រជារាស្ត្រទូទៅ ជាពិសេសក្នុងបំណងរួចផុតពីការបង់ពន្ធហួសសមត្ថភាពនោះផងដែរ ។ ម្យ៉ាងវិញទៀត យើងត្រូវចេះតស៊ូនឹងអបីជំនឿខុសតម្រា ត្រូវរើបម្រាស់ពីទំនៀមទម្លាប់អសកម្មមួយចំនួនថែមទៀតផង ។ ដ្បិតអីមនុស្សនៅក្នុងសង្គមនីមួយៗរមែងមានចិត្តគំនិតជឿទៅលើកម្លាំងអាថ៌កំបាំង(ភាពអរូបី)អ្វីមួយ ដោយការជឿជាក់ច្រើន ឬតិចដោយមិនមានមូលដ្ឋានពិតច្បាស់លាស់ណាមួយ មកបញ្ជាក់ឱ្យបានច្បាស់ថាជាជំនឿពិតប្រាកដនោះទេ ។ ភ្ជាប់ជាមួយនឹងជំនឿដែលមនុស្សដែលមានជំនឿ យើងសង្កេតឃើញទិដ្ឋភាពនៃទំនៀមទម្លាប់ប្លែកៗជាច្រើនដែលមនុស្សបានគោរព ប្រណិបត្តិ ខ្លះទៅជាទំនៀមទម្លាប់ដ៏ល្អ ឯខ្លះទៀតជាទំនៀមទម្លាប់ដែលមិនត្រូវលើកយកមកគោរពប្រតិបត្តិទាល់តែសោះ ។ ទំនៀមសកម្មមួយចំនួនរមែងតែងតែបំផ្លាញចិត្តគំនិត សកម្មភាព និងបំណងប្រាថ្នារបស់មនុស្សថែមទៀតផង ។ ដោយសារតែមនុស្សចង់បំពេញនូវសុភមង្គលរបស់ខ្លួន ពួកគេរមែងនាំគ្នាក្រោកឡើងរើបម្រាស់ចេញពីនឹមនៃទំនៀមទម្លាប់ អសកម្មទាំងឡាយនោះចោល តួយ៉ាងដូចនៅក្នុងរឿង ទុំទាវ ដែលបានលើកបញ្ជាក់នូវ     អំណះអំណាងខ្លះជាតឹកតាងស្រាប់ ។ នៅក្នុងទិដ្ឋភាព រឿងទុំទាវនេះ យើងក្រឡេកមើលឃើញថា នាងទាវបានផ្ដាច់គំនិតរើប្រឆាំងទៅនឹងពាក្យមួយឃ្លារបស់ម្ដាយដែលបានពោលថា នំមិនធំ ជាងនាឡិ ។ ដោយសារតែ នាងទាវយល់ថា ខ្លួនមានសិទ្ធិនៅក្នុងការជ្រើសរើសបុរសណាម្នាក់ ដែលនាងស្រឡាញ់ពេញចិត្តមកធ្វើជាគូរអនាគត ដោយបានប្រឆាំងនឹងពាក្យទំនៀមរបស់ម្ដាយ ដែលចង់មានន័យសំដៅថា អ្វីគ្រប់យ៉ាង គឺម្ដាយឪពុកជាអ្នកចាត់ចែង និងរៀបចំឱ្យកូន គឺកូនគ្មានសិទ្ធិនៅក្នុងការសម្រេចចិត្តខ្លួនឯងនោះទេ ។
           សរុបសេចក្ដីមក នៅក្នុងការស់នៅ យើងត្រូវតែចេះតស៊ូនឹងធម្មជាតិ តស៊ូនឹងជីវភាពរស់នៅប្រចាំថ្ងៃ តស៊ូនឹងចំណុចអសកម្មក្នុងសង្គម តស៊ូនឹងគំនាបសង្គម ក៏ដូចជាការតស៊ូរើបម្រាស់ចេញពីទំនៀមទម្លាប់ អវិជ្ជមានមួយចំនួនផងដែរ សមដូចមនុស្សទូទៅតែងតែពោលថា មានជីវិត គឺមានការតស៊ូ
           ឆ្លងតាមការបកស្រាយ នឹងអំណះអំណាងខាងលើរួចមក យើងអាចសន្និដ្ឋាននូវទស្សនៈដែលបានលើកឡើងថា រស់ត្រូវចេះតស៊ូ ពិតជាទស្សនៈត្រឹមត្រូវ តែពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះការតស៊ូដែលអាចផ្ដល់ជ័យជំនះបានជាស្ថាពរ លុះត្រាតែការតស៊ូនោះស្ថិតក្នុងគោលគំនិតច្បាស់លាស់គួបផ្សំទៅនឹងវិធីសាស្ត្រ តស៊ូជាច្រើនបន្ថែមទៀត ទើបជាការប្រសើរ ។ ដូចនេះ យើងត្រូវតែខិតខំប្រឹងប្រែង ព្យាយាមតស៊ូ កុំដេកចាំព្រេងវាសនា ព្រោះ ម្រឹកទាំងឡាយ ពុំដែលបោលចូលមាត់សីហៈដែលដេកលក់ឡើយ

Post a Comment